ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ (Kirirom National Park) ជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចំងាយ១១២គមពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ទៅកាន់ក្រុងព្រះសីហនុ។ ឧទ្យានជាតិគិរីរម្យស្ថិតនៅក្នុងភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឧទ្យានជាតិគីរីរម្យលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ៨ម៉ឺនហិចតា។
ភ្នំគិរីរម្យមានកំពស់៧០០ម៉ែត្រ[២]។ វាជាឧទ្យានជាតិដែលបង្កើតឡើងជាផ្លូវការដំបូងបង្អស់ក្នុងប្រទេសកម្ពុជា។[៣].
ឧទ្យានជាតិគិរីរម្យ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ល្បី ក្នុងចំណោមរមណីយដ្ឋានឧទ្យានជាតិធំៗដទៃទៀតនៅក្នុងប្រទេស កម្ពុជា ហើយគិរីរម្យក៏ជារមណីយដ្ឋានមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង កាលពីក្នុងសម័យសង្គមរាស្ត្រនិយម។ រមណីយដ្ឋានឧទ្យានជាតិនេះ សំបូរទៅដោយទេសភាពល្អប្រណិតលំអដោយដើមស្រល់ដុះពីធម្មជាតិនៅលើ ខ្ពង់រាបគិរីរម្យ ជ្រោះទឹកធ្លាក់ជាច្រើនអន្លើ និងសត្វម្រឹគីម្រឹគាជាច្រើនអំបូររស់នៅទីនោះ។
ដោយគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៨.៤០១ហិកតារ និងស្ថិតនៅលើខ្ពង់រាបដែលមានរយៈកម្ពស់ចាប់ពី ៣០០ ទៅ១០០០ម៉ែត្រ ពីនីវ៉ូសមុទ្រ។ រមណីយដ្ឋានគិរីរម្យគឺជាតំបន់ឧទ្យានធម្មជាតិដ៏ធំដែលស្ថិតនៅជិត រាជធានីភ្នំពេញជាងគេ ហើយតាំងនៅទិសខាងត្បូងឆៀងខាងលិច(និរតីទិស) នៃរាជធានីប្រទេសកម្ពុជា។ ពីក្រុងភ្នំពេញគេអាចធ្វើដំណើរទៅទស្សនាតំបន់គិរីរម្យបានយ៉ាងងាយស្រួលតាមរយៈផ្លូវជាតិលេខ៤ ដូចទៅកាន់ក្រុងព្រះសីហនុដែរ ប៉ុន្តែដល់បង្គោលគីឡូម៉ែត្រលេខ ៨៧ត្រង់ម្ដុំផ្លូវបំបែកត្រែងត្រយឹង គេនឹងឃើញមានផ្លូវបំបែកខាងស្ដាំដៃមួយឆ្ពោះទៅកាន់តំបន់ គិរីរម្យ ដែលមានចម្ងាយផ្លូវ ២៧គ.ម ក្នុងរយៈចម្ងាយផ្លូវ ១០គ.ម ដំបូងគឺជាផ្លូវរាបស្មើ និង១៧គ.ម បន្ទាប់គឺជាផ្លូវឡើងខ្ពង់រាប និងភ្នំ។ រមណីយដ្ឋាននេះមានចម្ងាយពីរាជធានីភ្នំពេញ ១១៤គ.ម និង១៤៧គ.ម ពីក្រុងព្រះសីហនុ ឬមានចម្ងាយ ៤៤គ.មពីទីរួមខេត្តកំពង់ស្ពឺ។
ព្រៃធម្មជាតិនៅតំបន់គិរីរម្យ រួមមានប្រភេទព្រៃស្រល់សុទ្ធភាគច្រើន និងព្រៃឈើតំបន់ត្រូពិកជាច្រើនប្រភេទទៀត។ ព្រៃស្រល់ធម្មជាតិគឺជាចំណុចពិសេសរបស់រមណីយដ្ឋាននេះ ហើយក៏ជាព្រៃស្រល់បំរុងទុកធំជាងគេបំផុតនៅប្រទេសកម្ពុជាផងដែរ គេបែងចែកព្រៃនៅតំបន់នោះជាប្រភេទ ព្រៃស្រល់ចំរុះឬព្រៃ Dipterocarpaceas និងព្រៃជាំស្លឹកធំ Gallery Forest ដុះនៅតាមមាត់អូរជ្រោះ ស្ទឹង និងព្រៃមួយប្រភេទទៀត គឺជាស្រោង សើម Moist dense dipterocarp forest ដែលសំបូរទៅដោយជីវសាស្ត្រចម្រុះនៅទីនោះផងដែរ។
គួររំលឹកថា ពីមុនទសវត្សឆ្នាំ១៩៩០ តំបន់គិរីរម្យទាំងមូលផ្ទៃដីរហូតដល់ ៨១.៧២០ហិកតារ។ ហើយដើម្បីឆ្លើយតបទៅនឹងការរិចរិលរួមតូច ដោយការកាប់បំផ្លាញនៃធនធានធម្មជាតិព្រៃឈើនៅទូទាំងប្រទេស ដែលបានកើតមានចំពោះឧទ្យានជាតិ និងដែនជំរកសត្វព្រៃដ៏សំខាន់នេះ និងក៏ដូចជាការទប់ស្កាត់នូវរាល់វិនាសកម្មព្រៃឈើក្នុងប្រទេស កម្ពុជា។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចុះបញ្ជី រមណីយដ្ឋានគិរីរម្យជា "ឧទ្យានជាតិព្រះសុរាម្រិត" ដែលមានផ្ទៃដី៣៥០០០ហិកតា តាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុវរ្ម័ន ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ ហើយឧទ្យានជាតិនេះបានបើក សម្ពោធអោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៩៥ រហូតមកដល់បច្ចុប្បន្ននេះ។ ពេលបច្ចុប្បន្ននេះកំណាត់ផ្លូវជាច្រើន និងស្ពានមួយចំនួន ត្រូវបានជួសជុលឡើងវិញបន្ទាប់ពីការខូចខាតដោយសារសង្គ្រាម។ជាទូទៅ ស្ថានភាពផ្លូវទៅកាន់ឧទ្យានគិរីរម្យ មានស្ថានភាពល្អប្រសើរដែលអាចឲ្យរថយន្តទេសចរណ៍គ្រប់ប្រភេទអាច ចរាចរទៅកាន់ទីនោះបាន។ នៅរៀងរាល់ចុងសប្ដាហ៍មានភ្ញៀវទេសចរណ៍ពីក្រុងភ្នំពេញជាច្រើនតែង នាំគ្នាទៅសម្រាកលំហែរកាយកម្សាន្តលេងជាមួយនឹងសម្រស់ធម្មជាតិ ដ៏ស្រស់ត្រកាលនៅទីនោះផង ហើយក៏ជាកន្លែងទទួលទានអាហារភិកនីកដ៏ឈ្ងុយឆ្ងាញ់ផងដែរ។ អាហារក្នុងស្រុកជាច្រើនប្រភេទត្រូវបានអ្នកស្រុកលក់សម្រាប់ ភ្ញៀវជាតិ និងសម្រាប់ជនបរទេសផងដែរ ក៏មានធ្វើលក់ថ្មីនៅតាមក្យុសនាដងស្ទឹងនឹងអូរនៅទីនោះ ដែលមានតម្លៃសមរម្យអាចទទួលយកបាន។
ប៉ុន្តែចំពោះអ្នកទេសចរណ៍ដែលមានបំណងធ្វើដំណើរផ្សេងព្រេងតាម កំណាត់ផ្លូវចាស់ផ្សេងៗជាច្រើនខ្សែទៀតនៅក្នុងអតីតក្រុងជូឡុង នេះមួយចំនួនធំគឺពុំទាន់ជួសជុលទេ វាមានស្ថានភាពរលាក់ដោយមានគ្រលុក និងដាច់ខូចជាយ៉ាងធ្ងន់ធ្ងរ ហើយអាចធ្វើដំណើរបានដោយប្រើប្រាស់ប្រភេទរថយន្ត 4WD ប៉ុណ្ណោះ។
ចំពោះបញ្ហាសន្តិសុខ និងសុវត្ថិភាពនៃតំបន់ឧទ្យានជាតិគិរីរម្យទាំងមូល គឺមានលក្ខណៈល្អប្រសើរណាស់ ដែលអំណោយផលដល់ការអភិវឌ្ឍន៍ ខាងវិស័យទេសចរណ៍សម្រាប់ភ្ញៀវទេសចរណ៍និងសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលទៅទស្សនាកម្សាន្តសប្បាយគ្រប់រដូវកាល។ នៅក្នុងតំបន់ឧទ្យានជាតិគិរីរម្យ បច្ចុប្បន្នមានតំបន់ទេសចរណ៍សំខាន់ៗ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនា និងលេងកម្សាន្តសប្បាយជាច្រើន ក្នុងនោះមានរមណីយដ្ឋានទឹកជ្រោះភ្នំ ដំណាក់ចាស់ ដំណាក់ថ្មី តំបន់ស្រះស្រង់ តំបន់ទឹកធ្លាក់ ជ្រោះអូរតាហ៊ុយ តំបន់ចំការតែ ភ្នំថ្មដា និងតំបន់ល្អាងភ្នំ។
ក្រៅពីតំបន់ទេសចរណ៍សំខាន់ៗខាងលើនេះតំបន់ឧទ្យានជាតិគិរីរម្យ នៅមានតំបន់សំខាន់ៗជាច្រើនទៀត ដែលជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមានទឹកធ្លាក់ដ៏ខ្ពស់អមដោយ ធម្មជាតិស្រស់ត្រកាលនោះ គឺរមណីយដ្ឋានទឹកធ្លាក់អូរច្រាក ឬហៅថា ទឹកធ្លាក់ចំបក់ ដែលតាំងនៅផ្នែកខាងជើងនៃតំបន់ឧទ្យានជាតិគិរីរម្យ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ដោយសារតំបន់គិរីរម្យ ជាតំបន់ខ្ពង់រាប និងជាប្រជុំភ្នំតូចធំជាច្រើន ដែលគ្របដណ្ដប់ដោយព្រៃឈើមានពណ៌បៃតងគ្រប់រដូវកាលនោះ ទីនេះក៏មានបរិមាណទឹកភ្លៀងខ្ពស់ ប្រហាក់ប្រហែលតំបន់មាត់សមុទ្រផងដែរ ហើយក៏ជាកត្តាបង្កើតអោយមានជ្រោះ និងអូរមានទឹកហូរធ្លាក់ជាច្រើន នៅតាមចន្លោះភ្នំនីមួយៗ ដែលផ្ដល់ជារមណីយដ្ឋានទឹកធ្លាក់ជាច្រើននៅរាយពាសពេញតំបន់នោះ។ ដោយសារលក្ខណៈអំណោយផលពីធម្មជាតិនេះហើយទើបតំបន់គិរីរម្យ បង្កើតជាប្រភពទឹកសម្រាប់បង្កើតជាវារីអគ្គិសនីដំបូងបំផុតនៅ ប្រទេសកម្ពុជាតាំងពីទសវត្សឆ្នាំ ១៩៦០ ដែលគេអាចនាំយកចរន្តថាមពលអគ្គិសនីទាំងនោះមកផ្គត់ផ្គង់នៅរាជធានី ភ្នំពេញ នាពេលបច្ចុប្បន្នបានមួយភាគធំ។
No comments:
Post a Comment