Friday, August 31, 2018

សួន​ផ្កា​ឈូក​រ័ត្ន​ល្បីនៅ​បាត់ដំបង​

សួន​ផ្កា​ឈូក​រ័ត្ន​ល្បី​នៅ​បាត់ដំបង​គ្រោង​ថែម​ពូជ​ផ្កា​ពី​ជប៉ុន និង​កូរ៉េ​

បាត់ដំបងៈ រំលេច​សម្រស់​ផុសចេញ​ពី​ដើម​ស្លឹក​បៃតង​កម្ពស់​សឹង​ត្រឹម​ស្មើគ្នា​ជិត​២​ម៉ែត្រ​នោះ បុប្ផា​ពណ៌​លឿង​រាប់រយ​ដើម​ដែល​រីក​ស្រូប​ពន្លឺ​ព្រះ​សូរ្យសែង នៅ​បរិវេណ​សាកល​វិទ្យាល័យ​បាត់ដំបង កំពុងតែ​បញ្ចេញ​មន្ត​ស្នេហ៍​ទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​ជាតិ​ខ្មែរ​ទាំង​នៅ​ទីជិត និង​ទី​ឆ្ងាយ​ឲ្យ​មក​ទស្សនា ព្រមទាំង​ផ្ដិត​យក​រូបភាព​សួនផ្កា​ឈូករ័ត្ន​ដ៏​ស្រស់​ត្រកាល​នៅ​ទឹកដី​តា​ដំបង​គ្រញូង​។
​ជា​ផ្នែក​មួយ​នៃ​សួន​ដំណាំ​ពិសោធន៍​ដែល​លាត​សន្ធឹង​លើ​ទំហំ​ដី​ប្រមាណ ៨ ​ពាន់​ម៉ែត្រ​ការ៉េ សម្រាប់​ការស្រាវជ្រាវ​នាពេល​ធ្វើ​សា​រណា​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនា​ញក​សិ​កម្ម សួនផ្កា​ឈូករ័ត្ន​នេះ ស្ថិតនៅ​ខាងក្រោយ​បរិវេណ​នៃ​សាកល​វិទ្យាល័យ ​បាត់ដំបង ដែលមាន​ទីតាំង​នៅតាម​ដងផ្លូវ​ជាតិ​លេខ​ ៥ នៅក្នុង​សង្កាត់ ​ព្រែក​ព្រះស្តេច ​នៃ​ក្រុង​បាត់ដំបង​។
​រៀបរាប់​ពី​ការបង្កើត​សួនផ្កា​ឈូករ័ត្ន​ដែល​ល្បី​មាន​មនុស្ស​ជាច្រើន​ទៅ​ទស្សនា និង​ថតរូប​លេង​បង្ហោះ​ពេញ​ហ្វេស​ប៊ុក​នោះ សាកល​វិទ្យាធិការ​លោក​ស្រី សៀង ឯម​ទទឹម សាកល​វិទ្យាល័យ​បាត់ដំបង បាន​ឲ្យ​ដឹងថា​៖ «​តាម​ពិត​ទៅ​សួន​ផ្កា​ឈូករ័ត្ន​នេះ​មាន​កំណើត​រយៈពេល​២​ឆ្នាំ​ហើយ​។ តែ​សម្រាប់​ឆ្នាំ​នេះ​ឃើញថា សួន​ផ្កា​ឈូករ័ត្ន​មាន​សម្រស់​ស្រស់ស្អាត​ខ្លាំង និង​បាន​ក្លាយ​ទៅ​ជា​ទីកន្លែង​កម្សាន្ត​ដើម្បី​បន្ថយ​អារម្មណ៍​តាន​តឹង​របស់​ភ្ញៀវទេសចរ​ទាំង​នៅ​ក្នុង​តំបន់ និង​ក្រៅ​តំបន់​ដ៏​ច្រើន​កុះករ ដោយ​សារ​យើង​មាន​បច្ចេកទេស​ដាំ ថែទាំ និង​ប្រើ​ជី​មាន​រូបមន្ត​ត្រឹមត្រូវ​របស់​ក្រុម​និស្សិត​ផ្នែក​កសិកម្ម​រៀន​ឆ្នាំ​ទី​៤​ដែលមាន​សមាជិក​ចំនួន ​៦ ​រូប ​(​ស្រី​បួន​) ដែល​ពួកគាត់​ត្រូវ​ធ្វើ​សារ​ណា​បញ្ចប់​ការសិក្សា​របស់​ខ្លួន​លើ​ផ្នែក​ខុសៗ​គ្នា​ដូច​ជា​ផ្នែក​បណ្តុះ​ពូជ ផ្នែក​ថែទាំ និង​ផ្នែក​ដាក់​ជី​ជាដើម​»​។
លោក​ស្រី​បាន​រៀបរាប់​បន្ត​ទៀត​ថា​៖ «​ផ្កា​ឈូក​រ័ត្ន​ទាំង​នេះ​ជា​ពូជ​នាំយក​មក​ពី​ប្រទេស​ថៃ ខណៈ​យើង​ចំណាយ​ពេល​បី​ខែ ដើម្បី​ដាំ​វា​ឲ្យ​ដុះ​រហូត​ដល់​ចេញ​ផ្កា​ស្គុសស្គាយ​បែប​នេះ ហើយ​យើង​ក៏​មាន​វិធីសាស្ត្រ​ប្រើ​ជីរ​ក្សា ឬ​ពន្យារ​ពេល​ឲ្យ​រីក​ផ្កា​បានយូរ​បន្ត​ប្រហែល​ជាមួយ ឬ​ពីរ​ខែ​ទៀត​ផង​ដែរ​ដើម្បី​ឲ្យ​ការ​ទស្សនា​របស់​ភ្ញៀវ​បាន​ឃើញ​នូវ​ទេសភាព​ដ៏​ស្រស់ស្អាត​នៃ​ផ្កា​ឈូក​រ័ត្ន​នេះ​បាន​យូរ​»​។
​សព្វ​ថ្ងៃ​នេះ​ ខណៈ​ដែល​សួនផ្កា​នៅ​សាកល​វិទ្យាល័យ​បាត់ដំបង​កំពុង​តែ​បាន​ក្លាយ​ជា​ទីកន្លែង​ទស្សនា​កម្សាន្ត​របស់​ប្រជាជន​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​ ដោយសារ​មាន​សួនផ្កា​ដំណាំ​ចម្រុះ​ដែល​ដាំ​ដោយ​ក្រុម​និស្សិត​សម្រាប់​ធ្វើ​ការស្រាវជ្រាវ​ព្រមទាំង​បរិស្ថាន​ស្អាត​ស្រស់បំព្រង​នោះ ក៏​មាន​លេចឮ​ដំណឹង​ផង​ដែរ​ថា ខាង​សាកល​វិទ្យាល័យ​បាន​ហាម​ប្រាម​មិន​ឲ្យ​មនុស្ស​ម្នា​ចូល​ទស្សនា​ពុំមាន​ហេតុផល​ច្បាស់លាស់ ដោយ​ខាង​សាកលវិទ្យាល័យ​កំពុង​រៀបចំ​បរិវេណរ​បស់​ខ្លួន​ឲ្យ​ក្លាយជា​កន្លែង​ កសិ-ទេសចរណ៍ (Agri-tourism) សម្រាប់​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ខេត្ត​ចូលមលរក​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ​ចាប់ពី​ព្រឹក​រហូត​ដល់​ ល្ងាច​ម៉ោង ​៦ ​រាល់​ថ្ងៃ​។​

​ជុំវិញ​ការ​ចេញ​បម្រាម​មិន​ឲ្យ​ចូល​ទស្សនា​នេះ លោកស្រី សៀង ឯម​ទទឹម បាន​បញ្ជាក់​ថា​៖ «​ការហាម​នោះ​ដោយ​សារ​តែ​នាពេល​មួយរយៈ​នេះ សួន​ផ្កា​ឈូករ័ត្ន​មាន​វត្តមាន​សត្វ​ឃ្មុំ​ច្រើន​។ ដោយ​យល់​ឃើញ និង​ខ្លាច​ពេល​ភ្ញៀវ​ចូលទៅ​ទស្សនា​សួន​អាច​ត្រូវ​សត្វ​ឃ្មុំ​ទាំង​នោះ​ទិច​ទើប​ផ្អាក​ឲ្យ​ចូល​ដើម្បី​រៀបចំ​ឲ្យ​មាន​ក្រុម​សន្តិសុខ​ជួយ​មើល​ហើយ​»​។​

​សម្រាប់​សួន​ផ្កា​ឈូករ័ត្ន​នេះ​មិន​ត្រឹម​តែ​ស្រូប​ចំណាប់​អារម្មណ៍​មនុស្ស​ទៅ​ទស្សនា​ទេ សូម្បី​តែ​ហ្វូង​សត្វ​ឃ្មុំ​ក៏មាន​វត្តមាន​យ៉ាង​ច្រើន​មក​ក្រេប​លម្អង​ផ្កា​ដែរ ខណៈ​ថ្នាក់​ដឹក​នាំ​សាកល​វិទ្យាល័យ​បាត់ដំបង​ លោកស្រី សៀង ឯម​ទទឹម បង្ហើប​ប្រាប់​ពី​គម្រោង​អនាគត​ថា​៖ «​វត្ត​មាន​សត្វ​ឃ្មុំ​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​មាន​គំនិត​ចង់​បង្កើត​កន្លែង​ចិញ្ចឹម​សត្វ​ឃ្មុំ​នៅក្នុង​សួន​តែ​ម្តង ខណៈ​ យើង​មាន​សួនផ្កា​ឈូក​រ័ត្ន​នេះ​គឺជា​ទី​កន្លែង​បែប​ធម្មជាតិ​ពិតៗ​សម្រាប់​ហ្វូង​ឃ្មុំ​នាំគ្នា​មក​ក្រេប​លម្អង​ផ្កា​»​។​
​លោក​ស្រី​បាន​ប្រាប់​ពី​គម្រោង​បន្ត​ទៀត​ថា​៖ «​ក្រៅពីនេះ​យើង​ក៏​កំពុងតែ​ពិភាក្សា​ជាមួយ​នឹង​គណៈកម្មការ​សាលា ដើម្បី​ជ្រើស​រើសយក​ពូជ​ផ្កា​ថ្មី​ដទៃ​នៅឯ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខា​ងត្បូង មក​ដាំ​សម្រាប់​ការ​ពិសោធន៍​ធ្វើ​សារណា​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ជំនា​ញ​កសិកម្ម​ផង​ដែរ​»៕

No comments:

Post a Comment

សម្រស់​ទឹកធ្លាក់ ពពក​វិល

សម្រស់​ទឹកធ្លាក់ ពពក​វិល  កំពត:  ក្រៅ​ពី​គយ​គន់​សម្រស់​ធម្មជាតិ​ពី​លើ​ភ្នំ​ទី​សំចត​នីមួយៗ​ស្រូប​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ ចូល​បួង​សួង​សុំ​...